ទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន៖ នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យអ្នកឧកញ៉ា សៀ ឬទ្ធី អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន WorldBridge Group ដឹកនាំលោកស្រី Anne Zhao នាយិកាប្រតិបត្តិនៃក្រុមហ៊ុន Legendary Entertainment and Culture Group Ltd. និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែល សម្តេចមហាបវរធិបតី អញ្ជើញបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋប្រជាមានិតចិន។
.jpg)
ក្នុងជំនួបនេះ លោកស្រី Anne Zhao បានគោរពជម្រាបជូន សម្តេចមហាបវរធិបតី ថា ក្រុមហ៊ុន Legendary Entertainment and Culture Group Ltd. គឺជាក្រុមហ៊ុនឈានមុខគេមួយនៅតំបន់អាស៊ី ក្នុងការអភិវឌ្ឍ គ្រប់គ្រង និងប្រតិបត្តិការគម្រោងទេសចរណ៍ វប្បធម៌ និងកម្សាន្ត ដោយផ្តោតលើការអភិវឌ្ឍទ្រព្យសកម្មវប្បធម៌ ការសម្តែងទស្សនីយភាពផ្ទាល់ និងគម្រោងកម្សាន្តបែបអន្តរកម្ម (Immersive Attractions)។ បច្ចុប្បន្ន ក្រុមហ៊ុនមានអាជីវកម្មស្នូលចំនួនបី រួមមាន ប្រតិបត្តិការសួនកម្សាន្ត និងការសម្តែងទស្សនីយភាពផ្ទាល់ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន Puy du Fou របស់ប្រទេសបារាំង ប្រតិបត្តិការសារមន្ទីរ 3D បែបបច្ចេកវិទ្យាទំនើប (Tech-enabled Immersive 3D Museums) និងអាជីវកម្មផ្នែកម្ហូបអាហារ ភេសជ្ជៈ និងបដិសណ្ឋារកិច្ច (F&B and Hospitality)។
.jpg)
លោកស្រីនាយិកាប្រតិបត្តិបានជម្រាបជូនសម្តេចមហាបវរធិបតីបន្ថែម អំពីវឌ្ឍនភាពនៃគម្រោង «Immersive Angkor» នៅខេត្តសៀមរាប ដែលជាគម្រោងឈានមុខ (Flagship Project) របស់ក្រុមហ៊ុននៅកម្ពុជា។ គម្រោងនេះនឹងអភិវឌ្ឍជាសារមន្ទីរ 3D បែបបច្ចេកវិទ្យាទំនើបដំបូងគេនៅកម្ពុជា ដោយបង្ហាញពីភាពរុងរឿងនៃមរតកវប្បធម៌ និងអរិយធម៌ខ្មែរ តាមរយៈបច្ចេកវិទ្យាទំនើប ហើយគ្រោងនឹងបើកដំណើរការជាផ្លូវការនៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏មានផែនការបន្តវិនិយោគលើគម្រោងថ្មីៗបន្ថែមទៀតនៅកម្ពុជា ដើម្បីរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍ ទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងផ្សព្វផ្សាយវប្បធម៌ និងអរិយធម៌ដ៏សម្បូរបែបរបស់កម្ពុជាទៅកាន់ពិភពលោក។
.jpg)
ជាការឆ្លើយតប សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្តវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា និងបានកោតសរសើរចំពោះការចូលរួមចំណែករបស់ក្រុមហ៊ុនក្នុងការអភិវឌ្ឍ និងលើកកម្ពស់វិស័យទេសចរណ៍ ព្រមទាំងការផ្សព្វផ្សាយវប្បធម៌ និងអរិយធម៌ដ៏សម្បូរបែបរបស់កម្ពុជាទៅកាន់ឆាកអន្តរជាតិ។
.jpg)
សម្តេចមហាបវរធិបតីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់ជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយគុណភាព និងចីរភាព ស្របតាមយុទ្ធសាស្ត្រកសាងកម្ពុជាជាគោលដៅទេសចរណ៍វប្បធម៌ និងធម្មជាតិដ៏ទាក់ទាញ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចដល់ក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឱ្យបន្តអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗ និងរៀបចំសកម្មភាពកម្សាន្តចម្រុះ រួមទាំងសកម្មភាពទេសចរណ៍នាពេលរាត្រី ដើម្បីបង្កើនបទពិសោធរបស់ភ្ញៀវទេសចរ និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យមកទស្សនាកម្ពុជាកាន់តែច្រើន។
.jpg)
ជាទីបញ្ចប់ សម្តេចមហាបវរធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តសិក្សា និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា ព្រមទាំងបន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីធានាឱ្យការអនុវត្តគម្រោងវិនិយោគប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ ដែលនឹងរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍ ការបង្កើតការងារ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជាប្រកបដោយចីរភាព។