ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ទី២ ខែធ្នូ ឆ្នាំ២០២៥ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Ted Osius (ឯកអគ្គរដ្ឋទូតអាម៉េរិកចូលនិវត្តន៍) អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់នៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន (US-ABC) និងគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព ក្នុងនោះក៏មានវត្តមានឧកញ៉ា លីម តារារិទ្ធ សមាជិកសមាគមឧកញ៉ាកម្ពុជា និងជាទីប្រឹក្សាយុទ្ធសាស្ត្រប្រតិបត្តិក្នុងប្រទេសកម្ពុជារបស់ US-ABC ផងដែរ។

គណៈប្រតិភូដែលមានសមាសភាពសុទ្ធសឹងជានាយកប្រតិបត្តិជាន់ខ្ពស់មកពីក្រុមហ៊ុនឈានមុខរបស់អាម៉េរិកចំនួន ១២ ក្នុងវិស័យថាមពល ផលិតកម្ម សេវាកម្មហិរញ្ញវត្ថុ និងទេសចរណ៍ បានបំពេញបេសកកម្មនៅក្នុងប្រទេសកម្ពុជាដើម្បីពិភាក្សាលើការជំរុញកិច្ចសហប្រតិបត្តិការលើពាណិជ្ជកម្ម, ការផ្លាស់ប្តូរឌីជីថល, ការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់, ការដោះស្រាយតម្រូវការថាមពលរបស់កម្ពុជា, ការពង្រីកការរួមបញ្ចូលហិរញ្ញវត្ថុ និងបង្កើនកំណែទម្រង់បទប្បញ្ញត្តិជាដើម។

ឯកឧត្តម Ted Osius បានបញ្ជាក់ថា ក្រុមហ៊ុនអាម៉េរិកមើលឃើញសក្តានុពលដ៏ធំធេងនៅក្នុងកំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់របស់ប្រទេសកម្ពុជា និងតួនាទីរបស់ខ្លួននៅក្នុងអនាគតនៃតំបន់អាស៊ាន ហើយឯកឧត្តមបានបន្ថែមថា៖ «បេសកកម្មនេះបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើងក្នុងការសហការជាមួយរាជរដ្ឋាភិបាលលើការវិនិយោគថ្មីៗ និងបង្កើតឱកាសរយៈពេលវែងសម្រាប់ផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសយើងទាំងពីរ»។

ជាការឆ្លើយតប សម្ដេចបវរធិបតីបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម Ted Osius និងគណៈប្រតិភូដែលបានរៀបចំឱ្យមានបេសកកម្មធុរកិច្ចនាឱកាសនេះ និងបានស្វាគមន៍ចំពោះធុរជនអាម៉េរិកដែលជឿជាក់និងបានបណ្ដាក់ទុនវិនិយោគនៅកម្ពុជាដែលសកម្មភាពនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិក ក៏ដូចជាការជំរុញវិស័យធុរកិច្ចនៅកម្ពុជា។

 

សម្ដេចបវរធិបតី ក៏បានគូសបញ្ជាក់អំពីគោលនយោបាយ, យុទ្ធសាស្ត្រ និងយន្តការសំខាន់ៗ ដើម្បីលើកទឹកចិត្ត និងគាំទ្រភាពជោគជ័យរបស់វិនិយោគិនដែលកំពុងវិនិយោគនៅកម្ពុជា។ ទន្ទឹមនឹងនេះ សម្ដេចបវរធិបតី បានលើកឡើងពីការបន្តរៀបចំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) ដើម្បីដោះស្រាយបញ្ហាប្រឈម និងសំណូមពររបស់វិស័យឯកជននៅកម្ពុជា។ សម្ដេចបវរធិបតី បានលើកទឹកចិត្តដល់បណ្ដាក្រុមហ៊ុនវិនិយោគទាំងអស់បន្តសហការឱ្យកាន់តែជិតស្និទ្ធថែមទៀតជាមួយក្រសួង-ស្ថាប័នកម្ពុជា និងបន្តបណ្ដាក់ទុនវិនិយោគបន្ថែមទៀតនៅកម្ពុជា។

សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះបានឆ្លុះបញ្ចាំងពីទំនាក់ទំនងពាណិជ្ជកម្មកាន់តែស៊ីជម្រៅរវាងប្រទេសកម្ពុជា និងសហរដ្ឋអាម៉េរិក ដែលជាទីផ្សារនាំចេញធំជាងគេមួយរបស់កម្ពុជា ខណៈពេលដែលក្រុមហ៊ុនអាម៉េរិកច្រើនឡើងៗបានចូលមកវិនិយោគនៅកម្ពុជា ជាមួយនឹងការប្តេជ្ញាគាំទ្រដល់ការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ការអភិវឌ្ឍធនធានមនុស្ស និងការតភ្ជាប់ក្នុងតំបន់ឱ្យកាន់តែរឹងមាំ។ ជាមួយគ្នានេះ USABC ក៏បានប្រកាសតែងតាំងឧកញ៉ា លីម ដារ៉ារិទ្ធ ជាទីប្រឹក្សាយុទ្ធសាស្ត្រប្រតិបត្តិក្នុងប្រទេសដំបូងគេសម្រាប់ប្រទេសកម្ពុជាដែលជាតួនាទីដំបូងរបស់ក្រុមប្រឹក្សាក្នុងប្រវត្តិសាស្ត្រ ៤១ ឆ្នាំរបស់ខ្លួនផងដែរ៕