វ៉ាស៊ីងតុន ឌីស៊ី ៖ កាលពីព្រឹកថ្ងៃពុធ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ (ម៉ោងក្នុងតំបន់) គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា បានចូលរួមអមឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី​ Allison Lannarino នាយកគ្រប់គ្រងស្តីទីតំបន់អាស៊ី ទទួលបន្ទុកបច្ចេកវិទ្យាព័ត៌មាន (ICT) និងហេដ្ឋារចនាសម្ព័ន្ធ នៃសាជីវកម្ម​ហិរញ្ញវត្ថុ​អភិវឌ្ឍន៍​អន្តរជាតិ​ របស់សហរដ្ឋអាម៉េរិក (U.S. International Development Finance Corporation - DFC)។

ជំនួប​ដែល​ប្រព្រឹត្តទៅ​ក្នុង​បរិយាកាស​ស្និទ្ធស្នាល និងការ​ស្ថាបនា​នេះ បានផ្តោត​សំខាន់​លើ​យន្តការ​ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ​របស់ DFC ជាមួយប្រទេសកម្ពុជា តាមរយៈការពិនិត្យលទ្ធភាពផ្តល់ហិរញ្ញប្បទានសម្រាប់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅក្នុងប្រទេសកម្ពុជា ជាពិសេស​គម្រោង​ដែល​ស្របតាម​យុទ្ធសាស្ត្ររបស់ DFC។

ជំនួប​នេះ​បាន​បើក​ផ្លូវ​សម្រាប់​កម្ពុជា​ ក្នុង​ការ​ចាប់យកឱកាសទទួលបាន​ទុន​វិនិយោគ​គុណភាព​ខ្ពស់ ដែល​ជួយ​គាំទ្រ​ដល់​ចក្ខុវិស័យ​នៃ​ការ​អភិវឌ្ឍសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព និង​ទំនួល​ខុសត្រូវ​សង្គម៕