កំពង់ស្ពឺ៖ នាព្រឹកថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥នេះ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវ បានដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលរួមក្នុងពិធីសម្ពោធបើកឱ្យដំណើរជាផ្លូវការ «រោងចក្រផលិតស៊ីម៉ង់ត៍ របស់ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.ក» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា រោងចក្រស៊ីម៉ងត៍ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.ក ស្ថិតនៅភូមិមនោរម្យ ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលមានសមត្ថភាពផលិតកម្មស៊ីម៉ងត៍ចំនួន ២,២លានតោនក្នុងមួយឆ្នាំ និងបង្កើតការងារផ្ទាល់ និងប្រយោលចំនួនជាង១០០០កន្លែង។

ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន ត្រូវបានបង្កើតក្រោមទុនវិនិយោគរួមគ្នារវាងវិនិយោគិចិន និងក្រុមហ៊ុន KT Pacific Group របស់កម្ពុជាដែលមានលោកអ្នកឧកញ៉ា ហុង ស៊ួន អនុប្រធានសមាគមឧកញ៉ាកម្ពុជា ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ព្រមទាំងអ្នកឧកញ៉ាបណ្ឌិត វិញ ហ៊ួរ អនុប្រធានសមាគមឧកញ៉ាកម្ពុជា ជាសហស្ថាបនិក និងអ្នកឧកញ៉ា ទីវ ម៉េងហ៊ុយ សមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា ជាគណៈគ្រប់គ្រងជាន់ខ្ពស់ផងដែរ។

គួរបញ្ជាក់ដែរថា នាពេលបច្ចុប្បន្នរោងចក្រ ខនស៍ ខេធី ស៊ីមេន មានចំនួន ២កន្លែងដោយទីតាំងទី១ ស្ថិតនៅក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបងនិងត្រូវបានសម្ពោធជាផ្លូវកាលពីឆ្នាំ២០១៨ ចំណែកឯរោងចក្រទី២ មានទីតាំងស្ថិតនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺលើផ្ទៃដីសរុប ៤០៧ហិចតា។ រោងចក្រទាំងពីរនេះមានសមត្ថភាពផលិតសរុបប្រមាណ ៤.២លានតោនក្នុងឆ្នាំ និងបានផ្តល់ការងារដល់ប្រជាពលរដ្ឋខ្មែរជាច្រើនពាន់នាក់ ហើយត្រូវបានចាត់ចូលជារោងចក្រផលិតស៊ីម៉ងត៍ធំជាងគេនៅអាស៊ី និងលេខ២ នៅលើពិភពលោក។