ព្រះសីហនុ៖ នាព្រឹកថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥នេះ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវ អមដំណើរដោយលោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ជាថ្នាក់ដឹកនាំ និងសមាជិក នៃសមាគមឧកញ៉ាកម្ពុជា ជាច្រើនរូបទៀត បានចូលរួមគោរពវិញ្ញាណក្ខន្ធ មហាឧបាសក ឡាវ តេកសេង ដែលត្រូវជាឪពុករបស់ អ្នកឧកញ៉ា ឡាវ កាង សមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា ខណៈដែលពិធីបុណ្យសពកំពុងរៀបចំឡើងនាគេហដ្ឋានដែលស្ថិតនៅក្នុងភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្នុងវេលាប្រកបដោយក្តីក្រៀមក្រំនេះ លោកអ្នកឧកញ៉ាប្រធាន បាននាំយកនូវលិខិតរំលែកមរណទុក្ខក៏ដូចជាបច្ច័យចូលរួមបុណ្យសពពីសមាគមឧកញ៉ាកម្ពុជា ជូនចំពោះ អ្នកឧកញ៉ា ឡាវ កាង និងលោកជំទាវព្រមទាំងក្រុមគ្រួសារដោយក្តីអាឡោះអាល័យចំពោះការបាត់បង់ឪពុកបង្កើត ឪពុកក្មេក ជីតា ជីតាទួត ជាទីគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅនិងពោរពេញទៅដោយព្រហ្មវិហារធម៌ដែលបានលះបង់បូជាអស់កម្លាំងកាយ កម្លាំងចិត្តគ្រប់សព្វបែបយ៉ាងក្នុងការបីបាច់ថែរក្សា បុត្រា បុត្រី ចៅប្រុស ចៅស្រី ឱ្យក្លាយជាពលរដ្ឋដ៏ល្អសម្រាប់សង្គមជាតិ។

សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ មហាឧបាសក ឡាវ តេកសេង សូមបានបដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។











