ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ទី១ ខែមិថុនា ឆ្នាំ២០២៥នេះ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ា បានដឹកនាំអ្នកឧកញ៉ា ឧកញ៉ា ជាថ្នាក់ដឹកនាំ និងសមាជិក នៃសមាគមឧកញ៉ាកម្ពុជា ចូលរួមពិធីបើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសមូលនិធិគន្ធបុប្ផា នាបរិវេណរូបសំណាកលោកយាយពេញ ខាងត្បូងរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៥នេះ គឺជាលើកទី៤ហើយដែលយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» បានប្រារព្ធឡើងក្រោមការផ្តួចផ្តើម និងដឹកនាំដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដោយកាលពីឆ្នាំ២០២៤កន្លងមកទទួលបា លទ្ធផលដ៏ជោគជ័យដោយមានការចូលរួមបរិច្ចាគពីសប្បុរសជនជាង ២០មុឺននាក់និងទទួលបានថវិកាសរុបជាង ៣,៣លានដុល្លារអាម៉េរិគ។ 

ក្នុងឱកាសនេះដែរ លោកជំទាវបណ្ឌិតប្រធានកិត្តិយសមូលនិធិគន្ធបុប្ផាកម្ពុជា បានមានប្រសាសន៍ថា នេះជាយុទ្ធនាការប្រចាំឆ្នាំដ៏សំខាន់មួយរបស់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីចូលរួមអបអរសាទរ ទិវាកុមារអន្តរជាតិ ១មិថុនា និងបំផុសស្មារតី «ខ្មែរជួយខ្មែរ» ក៏ដូចជាការផ្សារភ្ជាប់សាធារណជនជាសប្បុរសជនទាំងក្នុងនិងក្រៅប្រទេសឱ្យមានការចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជាដើម្បីជួយសង្គ្រោះកុមារដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យគន្ធបុប្ផាទាំងក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប ខណៈដែលការចំណាយប្រចាំថ្ងៃប្រមាណជា ១២ម៉ឺនដុល្លារ និងជាង៤៣លានដុល្លារនៅក្នុងមួយឆ្នាំ។

សូមបញ្ជាក់ដែរថា ក្នុងស្មារតីចូលរួមគាំទ្រសកម្មភាពសប្បុរិសធម៌ស្របទៅតាមទស្សនវិស័យ និងបេសកកម្មរបស់សមាគមឧកញ៉ាកម្ពុជា លោកអ្នកឧកញ៉ា លី យ៉ុងផាត់ បាននឹងកំពុងធ្វើការអំពាវនាវដល់លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ជាថ្នាក់ដឹកនាំ និងសមាជិក នៃសមាគមឧកញ៉ាកម្ពុជា ដើម្បីរួមគ្នាបរិច្ចាគក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» នេះផងដែរ។