ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ សមាគមឧកញ៉ាកម្ពុជា បានប្រារព្ធពិធីបើកសន្និបាតលើកទី២ ដើម្បីបូកសរុបលទ្ធផលការងារក្នុងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា ក្រោមអធិបតីភាព លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ជាថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាល និងសមាជិក នៃសមាគមឧកញ៉ាកម្ពុជាជាច្រើនរូបទៀត។

សូមបញ្ជាក់ថា សម្រាប់ពិធីបិទសន្និបាត នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ខណៈដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា នឹងអញ្ជើញជាអធិបតី រួមទាំងផ្តល់នូវអនុសាស៍ដ៏ខ្ពង់ខ្ពស់ក្នុងពិធីពិសាភោជនាហារសាមគ្គី នៃគ្រួសារសមាគមឧកញ៉ាកម្ពុជាផងដែរ។ 

គួរបញ្ជាក់ដែរថា សន្និបាត ដែលជាអង្គការលេខខ្ពស់បំផុតរបស់សមាគមឧកញ៉ាកម្ពុជា នឹងផ្តល់ឱកាសដល់សមាជិកគ្រប់ៗរូបអាចចូលរួមបញ្ចេញមតិ ផ្តល់យោបល់និងទទួលបាននូវព័ត៌មានគ្រប់ជ្រុងជ្រោយអំពីសមិទ្ធផលការងារប្រចាំឆ្នាំនីមួយៗរបស់សមាគមឧកញ៉ាកម្ពុជាដែលបាននឹងកំពុងបំពេញបេសកកម្មក្នុងគោលដៅថែរក្សា និងលើកកម្ពស់ឧត្តមភាពដ៏ឧត្តុងឧត្តម នៃគោរមងារឧកញ៉ាដើម្បីចូលរួមអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព តាមរយៈសកម្មភាពសប្បុរិសធម៌ ការជំរុញពាណិជ្ជកម្ម និងទាក់ទាញវិនិយោគ ដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋខ្មែររាប់ម៉ឺនកន្លែងនៅទូទាំងប្រទេស។