ភ្នំពេញ៖ កាលពីថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២៦ សាលាអន្តរជាតិប្រូមស៍ហ្ក្រូវកម្ពុជា (Bromsgrove International School Cambodia) បានរៀបចំពិធីចុះអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុន Navitas ក្នុងគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររួមគ្នាដើម្បីលើកកម្ពស់គុណភាពអប់រំអន្តរជាតិ។ កិច្ចសហការនេះមានសារៈសំខាន់ក្នុងការផ្តល់ឱកាសដ៏ទូលំទូលាយ និងការតម្រង់ទិសច្បាស់លាស់សម្រាប់សិស្សានុសិស្សក្នុងការចូលរួមកម្មវិធីសិក្សាអន្តរជាតិ និងឈានទៅការបន្តការសិក្សានៅបរទេសនៅសាកលវិទ្យាល័យល្បីៗដែលត្រូវបានទទួលស្គាល់នៅលើឆាកអន្តរជាតិ។
ឧកញ៉ា កែវ សម្បត្តិ ជាស្ថាបនិក និងជាប្រធាននាយកប្រតិបតិ្ត របស់ សាលាអន្តរជាតិប្រូមស៍ហ្រ្កូវកម្ពុជា ក៏បានគូសបញ្ជាក់អំពីភាពចាំបាច់នៃភាពជាដៃគូនេះផងដែរថា៖ «កិច្ចសហប្រតិបត្តិការនេះ គឺឆ្លុះបញ្ជាំងពីកិច្ចខិតខំប្រឹងប្រែងក្នុងការស្វែងរក និងផ្តល់ជូននូវការអប់រំដែលជាមូលដ្ឋានគ្រឹះ និងការតម្រង់ទិសសិក្សារបស់សិស្សានុសិស្សទៅកាន់សកលវិទ្យាល័យនានាទូទាំងសកលលោក។»

តំណាងឱ្យស្ថាប័ន Navitas អ្នកស្រី Nga Tran បានបញ្ជាក់នូវការប្តេជ្ញាចិត្តក្នុងការពង្រីកគុណភាពអប់រំ និងជំរុញឱ្យសិស្សានុសិស្សសម្រេចបាននូវសក្ដានុពលសិក្សារបស់ពួកគេ។ អ្នកស្រីបានលើកឡើងថា តាមរយៈការផ្តល់កម្មវិធីតម្រង់ទិសសិក្សាដែលមានភាពច្បាស់លាស់ សិស្សានុសិស្សនឹងទទួលបានបទពិសោធន៍ក្នុងបរិយាកាសអប់រំដែលមានបទដ្ឋានអន្តរជាតិ ព្រមទាំងអភិវឌ្ឍជំនាញសំខាន់ៗ ដើម្បីត្រៀមខ្លួនឲ្យរួចរាល់ក្នុងការបន្តការសិក្សានៅសាកលវិទ្យាល័យនានាទូទាំងសកលលោក។

តាមរយៈកិច្ចសហប្រតិបត្តិការនេះ គឺជាឱកាសដ៏សំខាន់មួយសម្រាប់សិស្សានុសិស្សសាលាអន្តរជាតិប្រូមស៍ហ្ក្រូវកម្ពុជា ក្នុងការឈានទៅរកកម្មវិធីសិក្សានៅសាកលវិទ្យាល័យលំដាប់ថ្នាក់ពិភពលោក។ តាមរយៈការបញ្ចូលបណ្តាញអប់រំជាសកល និងបទពិសោធន៍ជាង៣០ឆ្នាំ នៅក្នុងវិស័យអប់រំរបស់ Navitas សិស្សានុសិស្ស នឹងអាចទទួលបាននូវអត្ថប្រយោជន៍ពីការពង្រីកកិច្ចការទំនាក់ទំនងទៅកាន់អន្តរជាតិ ការផ្លាស់ប្តូរបទពិសោធសិក្សា និងឱកាសបន្តការសិក្សានៅសាកលវិទ្យាល័យនៅក្រៅប្រទេស ខណៈដែល Navitas គឺជាស្ថាបន័ផ្តល់សេវាអប់រំឈានមុខគេលើពិភពលោកដែលផ្តល់សេវាកម្មអប់រំយ៉ាងទូលំទូលាយដល់សិស្សជាង ៦០,០០០ នាក់ តាមរយៈបណ្តាញមហាវិទ្យាល័យ និងសាខាជាង ១០០ កន្លែង ក្នុង ១៨ប្រទេស រួមមានប្រទេសអូស្ត្រាលី ចក្រភពអង់គ្លេស សហរដ្ឋអាម៉េរិក កាណាដា ញូវហ្សេឡែន អាឡឺម្ល៉ង់ សិង្ហបុរី និងប្រទេសផ្សេងៗជាច្រើនទៀត។

សូមបញ្ជាក់ផងដែរថា សាលាអន្តរជាតិប្រូមស៍ហ្រ្កូវកម្ពុជា បាននាំមកនូវការអប់រំតាមបែបចក្រភពអង់គ្លេសដែលមានប្រភពចេញសាលាប្រូមស៍ហ្រ្កូវនៅចក្រភពអង់គ្លេសដែលមានអាយុកាល និងបទពិសោធន៍ជិត៥០០ ឆ្នាំ មានកេរ្តិ៍ឈ្មោះល្បីល្បាញ ក្នុងការផ្តល់នូវកម្មវិធីអប់រំចាប់ពីថ្នាក់មត្តេយ្យសិក្សារហូតដល់មធ្យមសិក្សា តាមបទដ្ឋាននៃកម្មវិធីសិក្សារបស់ចក្រភពអង់គ្លេស ។ សាលាមានឆន្ទៈខ្ពស់ក្នុងការផ្តល់នូវការអប់រំបែបអន្តរជាតិប្រកបដោយគុណភាពខ្ពស់ ដោយផ្តោតទៅលើឧត្តមភាពនៃការសិក្សា ការអភិវឌ្ឍន៍បុគ្គលិកលក្ខណៈ និង ភាពជាប្រជាពលរដ្ឋសកល។
សម្រាប់ឆ្នាំសិក្សាថ្មី ២០២៦-២០២៧ សាលាចាប់ផ្តើមទទួលចុះឈ្មោះសិស្សថ្មីចាប់ពីពេលនេះតទៅ។ សម្រាប់ព័ត៌មានលម្អិតសូមអញ្ជើញទំនាក់ទំនងទៅកាន់សាលា តាមរយៈទូរសព្ទ ឬ តេលេក្រាមលេខ ០១២ ៧១៨ ៥៥៥ ឬ ០១៦ ៧១៨ ៥៥៥ ។