ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០២៦ នាសណ្ឋាគារ Shangri-La រាជធានីភ្នំពេញ អ្នកឧកញ៉ា សៀ ឬទ្ធី អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងជាប្រធានក្រុមហ៊ុន WorldBridge Group និង លោក គឹម សម្បត្តិ នាយកប្រតិបត្តិក្រុមហ៊ុន DRSB Express បានចូលរួមចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្ររវាងក្រុមហ៊ុនទាំង ២ដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ីព័ស្តុភារកម្ម និងពាណិជ្ជកម្មអេឡិចត្រូនិករបស់ប្រទេសកម្ពុជា។

កិច្ចសហប្រតិបត្តិការនេះ បង្កើតជាក្របខណ្ឌសម្រាប់ការសហការរវាងក្រុមហ៊ុនទាំងពីរដោយប្រើប្រាស់ចំណុចខ្លាំងបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមកសំដៅលើកកម្ពស់គុណភាពសេវាកម្ម និងបង្កើនប្រសិទ្ធភាពសម្រាប់អតិថិជន។

អ្នកឧកញ៉ា សៀ ឬទ្ធី បានមានប្រសាសន៍ថា៖ «យើងមានសេចក្តីសោមនស្សរីករាយក្នុងការធ្វើឱ្យកិច្ចសហប្រតិបត្តិការរបស់យើងជាមួយ DRSB Express ជាផ្លូវការ។ DRSB បានបង្កើតវេទិកាដ៏រឹងមាំ និងមូលដ្ឋានអតិថិជនស្មោះត្រង់ក្នុងរយៈពេលខ្លី។ យើងមើលឃើញសក្តានុពលពិតប្រាកដក្នុងការធ្វើការរួមគ្នា ដើម្បីពង្រឹងការចូលរួមរបស់ប្រទេសកម្ពុជានៅក្នុងពាណិជ្ជកម្មក្នុងតំបន់ និងដើម្បីផ្តល់សេវាកម្មកាន់តែប្រសើរសម្រាប់អាជីវកម្ម និងអ្នកប្រើប្រាស់កម្ពុជា។»

សូមបញ្ជាក់ថា ក្រុមហ៊ុន DRSB Express នាំមកនូវជំនាញយ៉ាងស៊ីជម្រៅក្នុងពាណិជ្ជកម្មអេឡិចត្រូនិក និងព័ស្តុភារកម្មឆ្លងដែន ដោយដំណើរការរួមបញ្ចូលគ្នាយ៉ាងពេញលេញដែលភ្ជាប់អ្នកផ្គត់ផ្គង់នៅក្រៅប្រទេស ជាមួយអ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា តាមរយៈការគ្របដណ្តប់ការដឹកជញ្ជូនដល់គោលដៅទូទាំងប្រទេស។

តាមរយៈបទពិសោធធុរកិច្ចជាង៣ទសវត្សរ៍នៅកម្ពុជា ក្រុមហ៊ុន WorldBridge Group បាននិងកំពុងរួមចំណែកយ៉ាងទូលំទូលាយរបស់ខ្លួនលើវិស័យព័ស្តុភារកម្ម អចលនទ្រព្យ និងសេវាកម្មហិរញ្ញវត្ថុ រួមជាមួយនឹងបណ្តាញភាពជាដៃគូក្នុងតំបន់ និងទ្រព្យសកម្មហេដ្ឋារចនាសម្ព័ន្ធ ដែលបានបង្កើតឡើង។

តាមរយៈកិច្ចសហប្រតិបត្តិការនេះ ភាគីទាំងពីរនឹងធ្វើការរួមគ្នាដើម្បីកំណត់ និងអភិវឌ្ឍឱកាសដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ដោយផ្តោតលើការពង្រីកសមត្ថភាពពាណិជ្ជកម្មឆ្លងដែន ការកែលម្អប្រសិទ្ធភាពខ្សែសង្វាក់ផ្គត់ផ្គង់ និងការគាំទ្រដល់ការរីកចម្រើននៃពាណិជ្ជកម្មក្នុងស្រុក។ កិច្ចព្រមព្រៀងនេះក៏ស្របនឹងកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធភស្តុភារកម្ម និងបង្កើនសមត្ថភាពពាណិជ្ជកម្មឆ្លងដែនរបស់ប្រទេស។