ភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ទី២ ខែឧសភា ឆ្នាំ២០២៦នេះ អ្នកឧកញ៉ា គួន ធីតា អនុប្រធានសមាគមឧកញ៉ាកម្ពុជា រួមជាមួយអ្នកឧកញ៉ា ឧកញ៉ា ជាថ្នាក់ដឹកនាំ និងសមាជិក នៃសមាគមឧកញ៉ាកម្ពុជា ជាច្រើនរូបទៀត បានចូលរួមក្នុងពិធីសម្ពោធជាផ្លូវការផលិតផល POiR ក្រោមអធិបតីភាពលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។

ក្នុងឱកាសនេះដែរ ឧកញ៉ា ម៉ៅ បញ្ចាពណ៌ ស្ថាបនិក និងជានាយិកាប្រតិបត្តិនៃក្រុមហ៊ុន សិដ្ឋ អេន អានីធន បានថ្លែងថា រាល់ផលិតផល POIR នីមួយៗ បានឆ្លុះបញ្ចាំងពីគុណភាពខ្ពស់ គ្រឿងផ្សំល្អៗ និងស្តង់ដារវេចខ្ចប់ដែលមានសុវត្ថិភាព និងត្រូវបានបង្កើតឡើងដើម្បីបំពេញតម្រូវការរបស់ប្រជាជនកម្ពុជា ដោយយកចិត្តទុកដាក់លើគុណភាពជាចម្បង។

ជាមួយគ្នានេះលោកជំទាវ ចម និម្មល បានមានប្រសាសន៍ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមហ៊ុនដែលបានខិតខំដឹកនាំជំរុញប្រតិបត្តិការធុរកិច្ចរបស់ខ្លួនរហូតទទួលបានសមិទ្ធផលគួរជាទីមោទនៈ តាមរយៈការដាក់សម្ពោធផលិតផលថែទាំគេហដ្ឋាន និងផលិតផលថែទាំផ្ទាល់ខ្លួនដែលជាផលិតផលផលិតក្នុងស្រុក។

លោកជំទាវរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ភាពជោគជ័យរបស់ក្រុមហ៊ុន បានបង្ហាញពីចក្ខុវិស័យវែងឆ្ងាយ ការច្នៃប្រឌិត និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការអភិវឌ្ឍផលិតផលមានគុណភាពស្របតាមស្តង់ដាជាតិ និងអន្តរជាតិព្រមទាំងចូលរួមជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក និងចាប់យកឱកាសទីផ្សារដែលកំពុងកើនឡើង។

សូមបញ្ជាក់ថា POiR គឺជាម៉ាកផលិតផលថ្មីស្រឡាងរបស់កូនខ្មែរដែលមានគុណភាពខ្ពស់តាមស្តង់ដារអន្តរជាតិដែលកំពុងមានវត្តមានលើទីផ្សារកម្ពុជាដោយមានទាំងផលិតផលប្រើប្រាស់ក្នុងផ្ទះ និងផលិតផលថែរក្សាផ្ទាល់ខ្លួនព្រមទាំងមានការទទួលស្គាល់ពីក្រសួងសុខាភិបាលផងដែរ។

ផលិតផលរបស់ POiR ក៏មានលក់នៅគ្រប់ទីផ្សារទំនើបល្បីៗជាច្រើនដូចជាផ្សារទំនើប ជីបម៉ុង, ផ្សារទំនើបឡាក់គី និងផ្សារទំនើបជាច្រើនទៀតនៅទូទាំងប្រទេសកម្ពុជា។


















