ភ្នំពេញ៖ នាល្ងាចថ្ងៃសុក្រ ទី១៦ ខែមករា ឆ្នាំ២០២៦ អ្នកឧកញ៉ា ផែ ហុកឈួន អនុប្រធាន និងជាតំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា អមដោយអ្នកឧកញ៉ា ឧកញ៉ា ជាអនុប្រធាន អគ្គលេខាធិការ និងសមាជិកក្រុមប្រឹក្សាភិបាល ក៏ដូចជាសមាជិកសមាគមជាច្រើនរូបទៀត បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធឧបាសក ជា គង់ ដែលត្រូវជាឪពុកបង្កើតរបស់ឧកញ៉ា ជា ដាណា សមាជិកសមាគមឧកញ៉ាកម្ពុជា ដែលបានទទួលមរណភាពកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៧១ឆ្នាំដោយរោគាពាធ។

ក្នុងវេលាប្រកបដោយទុក្ខព្រួយសោកសង្រេងជាទីបំផុតនេះ អ្នកឧកញ៉ា ផែ ហុកឈួន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីលោកអ្នកឧកញ៉ាប្រធាន ព្រមទាំងបាននាំយកនូវលិខិតរំលែកមរណទុក្ខពីសមាគមឧកញ៉ាកម្ពុជាជូនក្រុមគ្រួសារ នៃសពផងដែរ។

មរណភាពរបស់ ឧបាសក ជា គង់ គឺជាការបាត់បង់ឪពុកបង្កើត ឪពុកក្មេក ជីតា ជីតាទួត ជាទីគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុត និងពោរពេញដោយព្រហ្មវិហារធម៌ដែលបានលះបង់បូជាអស់នូវកម្លាំងកាយ កម្លាំងចិត្តគ្រប់សព្វបែបយ៉ាងក្នុងការបីបាច់ថែរក្សា បុត្រា បុត្រី ចៅប្រុស ចៅស្រី ឱ្យក្លាយជាពលរដ្ឋដ៏ល្អសម្រាប់សង្គមជាតិ។

ស្ថិតក្នុងបរិយាកាសដ៏សែនក្រៀមក្រំជាពន់ពេកនេះ យើងខ្ញុំសូមចូលរួមរំលែកមរណទុក្ខដោយក្ដីស្រណោះ និងអាឡោះអាល័យបំផុតជាមួយក្រុមគ្រួសារនៃសព និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ ឧបាសក ជា គង់ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។