ភ្នំពេញ៖ នារសៀលថ្ងៃសៅរ៍ ៣រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានចាត់តាំង អ្នកឧកញ៉ា ផែ ហុកឈួន អនុប្រធាន និងជាប្រធានគណៈកម្មការរដ្ឋបាល ហិរញ្ញវត្ថុ និងធនាគារ ដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ រួចបន្តថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ "ព្រះបរមរតនកោដ្ឋ" នៅមណ្ឌបព្រះបរមរូប ខាងកើតវិមានឯករាជ្យក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧២ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា។

នេះជាការរំលឹកនឹកដល់ព្រះរាជគុណូបការៈ និងព្រះមហាវីរភាពដ៏ធំធេងរបស់ព្រះករុណាព្រះបរមរតនកោដ្ឋដែលបានបំពេញព្រះរាជបូជនីយកិច្ច និងបូជាអស់កម្លាំងព្រះកាយពល ព្រះបញ្ញាញាណក្នុងការដណ្តើមឯករាជ្យពីប្រទេសបារាំងជូនជាតិមាតុភូមិជាទីស្រលាញ់របស់ព្រះអង្គ ក៏ដូចជាពលិកម្មប្រកបដោយវីរភាពដ៏អង់អាចរបស់យុទ្ធជនក៏ដូចជាប្រជាពលរដ្ឋខ្មែរប្រុសស្រីប្រកបដោយសាមគ្គីភាពក្នុងការដណ្តើមបានមកវិញនូវសិទ្ធិសេរីភាព និងភាពជាម្ចាស់ទឹកដីរបស់ប្រជាជាតិកម្ពុជានេះផងដែរ៕













