កោះកុង៖ នាថ្ងៃសៅរ៍ ទី១០ ខែមករា ឆ្នាំ២០២៦ លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងអ្នកឧកញ៉ា សួរ វីរៈ សមាជិកសមាគមឧកញ៉ាកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធផ្លូវបេតុងអាមេ ប្រវែង ២,០០០ម៉ែត្រ ទទឹង ៨ម៉ែត្រ និងបំពាក់បង្គោលសូឡាបំភ្លឺផ្លូវសងខាងស្ថិតនៅភូមិព្រែកស្មាច់ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។

នាឱកាសនោះ លោកជំទាវអភិបាលខេត្តបានសម្តែងនូវការអបអរសាទរជាមួយបងប្អូនប្រជាពលរដ្ឋក្នុងភូមិព្រែកស្មាច់ ដែលបានទទួលនូវសមិទ្ធផលថ្មីមួយទៀតដែលជាសសៃឈាមសេដ្ឋកិច្ចដ៏មានសារៈសំខាន់បំផុតនៅលើទឹកដីមាត់សមុទ្រដ៏ស្រស់ស្អាតនេះ។

លោកជំទាវក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស ដែលជាអ្នកវិនិយោគមួយរូបដែលបានរួមចំណែកយ៉ាងច្រើនជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងផ្តល់ឱកាសការងារជូនប្រជាជនស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាពនៅកម្ពុជា។

សូមជម្រាបជូនថា ការសាងសង់ផ្លូវបេតុងអាមេ និងបំពាក់បង្គោលសូឡាបំភ្លឺផ្លូវសងខាងនេះឡើងគឺជាការចំណាយថវិកាផ្ទាល់ខ្លួនរបស់អ្នកឧកញ៉ាអគ្គនាយកក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស ដើម្បីជាចំណងដៃដល់អ្នកកោះស្តេច និងសាធារណៈជនទូទៅប្រើប្រាស់៕