អូស្ត្រាលី៖ នាថ្ងៃពុធ ទី២៧ ខែសីហា ឆ្នាំ២០២៥នេះ អ្នកឧកញ៉ា សៀ ឬទ្ធី អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប បានចូលរួមជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាក្រោមប្រធានបទ «បដិវត្តន៍សេដ្ឋកិច្ចឌីជីថល៖ ការកំណត់អនាគតនៃភាពច្នៃប្រឌិត និងភាពរីកចម្រើន» ក្នុងវេទិកាធុរកិច្ចអូស្រ្តាលី-អាស៊ានឆ្នាំ២០២៥ ដែលបានប្រព្រឹត្តទៅនៅទីក្រុងអាដែលឡែត (Adelaide) ប្រទេសអូស្ត្រាលី។

នៅក្នុងកិច្ចពិភាក្សានេះ អ្នកឧកញ៉ាបានលើកឡើងពីតម្រូវការបន្ទាន់សម្រាប់អាស៊ានក្នុងការបង្កើនធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលដើម្បីជំរុញកំណើននៃនវានុវត្តន៍ តាមរយៈកិច្ចសហការរវាងរដ្ឋាភិបាល ផ្នែកធុរកិច្ច និងអ្នកជំនាញ ដែលនឹងមានសារៈសំខាន់ក្នុងការជួយជំរុញការបង្កើតនូវសមិទ្ធផលថ្មីៗ ក៏ដូចជាធានាដល់ការប្រកួតប្រជែងលើសេដ្ឋកិច្ចឌីជីថល និងការតស៊ូមតិដើម្បីភាពជាដៃគូរវាងស្ថាប័នសាធារណៈ និងវិស័យឯកជនសំដៅគាំទ្រដល់គម្រោងខ្នាតធំនានា ព្រមទាំងបង្កើតកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យានៅក្នុងតំបន់អាស៊ាន និងការស្វែងរកបញ្ហាប្រឈមនាពេលខាងមុខដើម្បីធានាថាអាស៊ាននឹងអាចទាញយកសក្តានុពលរបស់ខ្លួនបានយ៉ាងពេញលេញ។


