ភ្នំពេញ៖ អ្នកឧកញ៉ា សំ សុខនឿន សមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន KH Haitech បានបង្ហាញក្តីរីករាយប្រកបដោយមោទនភាពចំពោះថេប្លែត «K Haitech» ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន និងសិស្ស-និស្សិតនៅក្នុងទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៤ ដែលបានប្រារព្ធឡើងកាលពីថ្ងៃទី២៦, ២៧ និង២៨ ខែមីនា ឆ្នាំ២០២៦ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

នៅក្នុងរយៈពេល ៣ថ្ងៃកន្លងមកនេះ ថេប្លេត (Tablet) K Haitech ត្រូវបានដាក់តាំងបង្ហាញដើម្បីឱ្យអ្នកចូលរួមបានទស្សនាក៏ដូចជាប្រើប្រាស់សាកល្បងអំពីមុខងារនានាព្រមទាំងបានស្វែងយល់ពីបច្ចេកវិទ្យាថ្មីៗដែលអាចជួយដល់កិច្ចការសាលា និងវិស័យបច្ចេកវិទ្យានាពេលបច្ចុប្បន្ន។

នេះក៏ជាសញ្ញាល្អបំផុតរបស់កម្ពុជាដែលមានក្រុមហ៊ុនកូនខ្មែរអាចបង្កើតថេប្លេតសម្រាប់ប្រើប្រាស់ក្នុងស្រុកបាន ថែមទាំងអាចជួយសម្រួលច្រើនដល់អ្នកប្រើប្រាស់ជាពិសេសសិស្សានុសិស្សដែលមានតម្រូវការតែម្តង។ ជាងនេះទៅទៀត ថ្នាក់ដឹកនាំស្ថាប័នធំៗទាំងអស់ក៏បានបង្ហាញពីការគាំទ្រ និងពេញចិត្តពេលបានឃើញ ចាប់ប៉ះ និងធ្វើតេស្តផលិតផល K Haitech ដែលល្បីឈ្មោះតាំងពីដើមឆ្នាំ២០២៦ មកនោះ។

សូមបញ្ជាក់ថា ថេប្លែតខ្មែរ «K Haitech» របស់អ្នកឧកញ៉ា សំ សុខនឿន ត្រូវបានផលិតដោយក្រុមហ៊ុន KH Haitech ដែលជាក្រុមហ៊ុនបង្កើតឡើងដោយមានការចូលរួមជាមួយក្រុមហ៊ុនអន្តរជាតិ Haitech និងជាបុត្រសម្ព័ន្ធក្រុមហ៊ុនខ្នាតយក្សមួយគឺ Haier Group ដែលមានភាពល្បីល្បាញជាសកលលើការផ្តល់ដំណោះស្រាយសម្រាប់ការរស់នៅកាន់តែប្រសើរ និងការផ្លាស់ប្តូរឌីជីថលជាដើម។