ភ្នំពេញ៖ នាថ្ងៃចន្ទ ទី៦ ខែមករា ឆ្នាំ២០២៦ អ្នកឧកញ៉ា សំ សុខនឿន សមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន KH Haitech បានដឹកនាំគណៈប្រតិភូ នៃក្រុមហ៊ុនបច្ចេកវិទ្យា Haier Haitech និង KH Haitech ចូលជួបពិភាក្សាការងារជាមួយ ឯកឧត្ដម គី សុខគីម នាយកប្រតិបត្ដិ នៃមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) លើកិច្ចសហការអភិវឌ្ឍធនធានមនុស្សសម្រាប់គម្រោងវិនិយោគថ្មីក្នុងការបង្កើតរោងចក្រផលិតឧបករណ៍បច្ចេកវិទ្យានៅកម្ពុជា និងការពង្រីកទៅកាន់ការផលិតឧបករណ៍អេឡិចត្រូនិចនានាដែលមានតម្រូវការក្នុងទីផ្សារនាពេលអនាគត។

ខ្លឹមសារសំខាន់ៗនៃជំនួបពិភាក្សារួមមាន៖

• ការជំរុញផលិតកម្មក្នុងស្រុក៖ ការត្រៀមលក្ខណៈបណ្តុះបណ្តាលកម្លាំងពលកម្មជំនាញដើម្បីគាំទ្រដល់ផែនការបង្កើតរោងចក្រដំឡើងឧបករណ៍បច្ចេកវិទ្យា និងថេប្លេត (Tablets) របស់ក្រុមហ៊ុន KH Haitech នៅកម្ពុជា។

• ការគាំទ្របច្ចេកទេសកម្រិតសកល៖ គម្រោងនេះមានការសហការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនអន្តរជាតិ Haier Group ដើម្បីនាំយកបច្ចេកវិទ្យា និងស្តង់ដាផលិតកម្មកម្រិតពិភពលោកមកកាន់កម្ពុជា។

• កសាងកម្លាំងពលកម្មនាពេលអនាគត៖ រៀបចំអភិវឌ្ឍកម្លាំងពលកម្មកម្ពុជាឱ្យមានជំនាញបច្ចេកទេសទាំងកម្រិតមធ្យម និងកម្រិតខ្ពស់ ដើម្បីធានាបាននូវខ្សែច្រវ៉ាក់ផលិតកម្មពេញលេញដែលស្របតាមតម្រូវការឧស្សាហកម្មឌីជីថល និងថាមពលស្អាត។

តាមរយៈកិច្ចពិភាក្សានេះ បានបង្ហាញពីការកើនឡើងនៃទំនុកចិត្តពីវិនិយោគិនអន្តរជាតិមកលើកម្ពុជា ហើយ SDF នឹងបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការភ្ជាប់ទំនាក់ទំនងរវាងក្រុមហ៊ុន ជាមួយគ្រឹះស្ថានបណ្តុះបណ្តាល ដើម្បីរៀបចំកម្មវិធីបណ្តុះបណ្តាល ឆ្លើយតបត្រូវនឹងតម្រូវការពិតប្រាកដរបស់រោងចក្រ-សហគ្រាស៕