ភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ៤កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ តំណាង លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានចូលរួម “កិច្ចប្រជុំក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (ក.ផ.ផ) លើកទី៦” ដោយប្រារព្ធធ្វើឡើងនៅសណ្ឋាគារ រ៉ូសវូដភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលមានវត្តមានអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា និងឧកញ៉ា ជាអនុប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាល ក.ផ.ផ មកពីក្រសួងស្ថាប័ន សភាពាណិជ្ជកម្ម និងសមាគមពាក់ព័ន្ធ។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ដើម្បីពិនិត្យវឌ្ឍនភាព និងលទ្ធផលការងាររបស់ ក.ផ.ផ ឆមាសទី១ ឆ្នាំ២០២៥ និងដាក់ចេញនូវវិធានការគន្លឹះ និងផែនការយុទ្ធសាស្ត្រ សម្រាប់ឆមាសទី២ ឆ្នាំ២០២៥ និងឆ្នាំ២០២៦ ជាពិសេសការដាក់ចេញនូវការផែនការចំពោះមុខសំដៅធានាភាពធន់នៃវិស័យទេសចរណ៍កម្ពុជា។

អង្គប្រជុំបានពិភាក្សា ផ្ដល់ធាតុចូល និងសម្រេចលើរបៀបវារៈសំខាន់ៗ រួមមាន ១.របាយការណ៍លទ្ធផលស្ដីពីការផ្ទេរការងារពីអតីតអង្គភាពប្រតិបត្តិ ក.ផ.ផ ២.របាយការណ៍វឌ្ឍនភាពការងារសម្រាប់ត្រីមាសទី២ ឆ្នាំ២០២៥ និង៣.របាយការណ៍ស្ដីពីគោលដៅ និងផែនការសកម្មភាព ឆ្នាំ២០២៥-២០២៦។

កិច្ចប្រជុំបានបញ្ចប់ក្នងកាលបរិច្ឆេទដដែល ប្រកបដោយភាពរលូន និងលទ្ធផលផ្លែផ្កា ក្រោមបរិយាកាសស្និទ្ធស្នាល និងកក់ក្ដៅ។