ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការនៃសមាគមឧកញ៉ាកម្ពុជា និងសហការី បានចូលរួម “កិច្ចប្រជុំស្តីពីការរៀបចំកម្មវិធីគាំទ្រថ្មីក្នុងការពង្រឹង និងពង្រីកបណ្តុំឧស្សាហកម្ម និងជំរុញការផ្សារភ្ជាប់ខ្សែច្រវាក់ផលិតកម្មរវាងសហគ្រាសធុនតូច និងមធ្យម និងវិនិយោគិនធំៗក្នុងស្រុក និងបរទេស” ដែលបានប្រព្រឹត្តិទៅនៅទីស្នាក់ការមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ក្រោមកិច្ចដឹកនាំដោយ លោក គី សុខគីម នាយកប្រតិបត្តិ SDF ដោយមានការចូលរួមពីតំណាងសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា (CPMEC), ម្ចាស់សហគ្រាសធុនតូច និងមធ្យម ដែលមានសក្តានុពល, វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និងឧទ្យាននវានុវត្តន៍សង្គមអង្គរ (ASIP)។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិភាក្សា និងស្វែងយល់ពីបញ្ហាប្រឈម និងតម្រូវការរបស់ម្ចាស់សហគ្រាសធុនតូច និងមធ្យម (SMEs) និងវិនិយោគិនធំៗក្នុងស្រុក និងបរទេស ដើម្បីជាធាតុចូលសម្រាប់រៀបចំកម្មវិធីគាំទ្រថ្មី សំដៅដោះស្រាយបញ្ហាជាប្រព័ន្ធក្នុងខ្សែច្រវាក់ផលិតកម្ម និងការអភិវឌ្ឍមូលធនមនុស្សផ្សារភ្ជាប់ទៅនឹងតម្រូវការវិនិយោគិន។ ក្នុងឱកាសនៃកិច្ចប្រជុំនេះ ក្រុមការងាររបស់ SDF បានចែករំលែកពីកម្មវិធីគាំទ្រថ្មីមួយ ដែល SDF បានសំយោគបទពិសោធពីប្រទេសសិង្ហបុរី (Queen Bee Program) ក្នុងគោលបំណងពង្រឹង និងពង្រីកបណ្តុំឧស្សាហកម្ម និងជំរុញការផ្សារភ្ជាប់ខ្សែច្រវាក់ផលិតកម្មរវាងសហគ្រាសធុនតូច និងមធ្យម និងវិនិយោគិនធំៗក្នុងស្រុក និងបរទេស សំដៅលើកកម្ពស់សមត្ថភាព, ភាពប្រកួតប្រជែង និងភាពរីកចម្រើនទាំងវិស័យ SMEs និងឧស្សាហកម្មធំៗក្នុងស្រុក ឆ្ពោះទៅរកការផ្គត់ផ្គង់សម្រាប់តម្រូវការទីផ្សារក្នុងស្រុក និងការនាំចេញទៅថ្នាក់តំបន់ និងអន្តរជាតិ។

អ្នកឧកញ៉ា ហ៊ុន ឡាក់ បានសម្ដែងការគាំទ្រ និងមានសុទិដ្ឋិនិយមខ្ពស់ចំពោះការរៀបចំកម្មវិធីគាំទ្រធុរកិច្ចនេះ ដែលនឹងជួយដល់សហគ្រាសគ្រប់កម្រិតក្នុងការផ្ដល់ការគាំទ្រ និងផ្ដល់អត្ថប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ដើម្បីបង្កើនសមត្ថភាពផលិតកម្ម ភាពប្រកួតប្រជែង និងប្រតិបត្តិការធុរកិច្ចរបស់ខ្លួនឱ្យកាន់តែមានភាពរីកចម្រើន រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ បន្ថែមលើនេះ អ្នកឧកញ៉ាបានចែករំលែកបទពិសោធន៍ និងបញ្ហាប្រឈមនានា ក្នុងការធ្វើធុរកិច្ច ជាពិសេសក្នុងវិស័យកសិកម្ម កសិឧស្សាហកម្ម និងការកែច្នៃអាហារ ដែលបញ្ហាប្រឈមមួយចំនួនចាំបាច់ត្រូវដោះស្រាយ ដើម្បីជំរុញឱ្យវិស័យកសិកម្មកម្ពុជាកាន់តែមានសក្តានុពល និងមានការអភិវឌ្ឍ។ អ្នកឧកញ៉ាបានលើកឡើងបន្ថែមថា សមាគមឧកញ៉ាកម្ពុជា ជាបណ្ដុំធុរជន និងវិនិយោគិនមកពីចម្រុះវិស័យ ដែលតែងតែងផ្ដល់ការគាំទ្រ និងកិច្ចសហការលើគ្រប់សកម្មភាពពាណិជ្ជកម្ម និងអាជីវកម្ម ដូច្នេះ សមាគមនឹងពាំនាំនូវកម្មវិធីគាំទ្ររបស់ SDF តាមរយៈការរៀបចំជាសិក្ខាសាលាផ្សព្វផ្សាយដល់សមាជិកនាពេលខាងមុខ ដើម្បីជាអត្ថប្រយោជន៍សម្រាប់សមាជិកក្នុងការរៀបចំផែនការ និងកម្មវិធីអភិវឌ្ឍន៍អាជីវកម្មរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព ប្រសិទ្ធផល ភាពរីកចម្រើន និងជោគជ័យបន្ថែមទៀត។

ជាលទ្ធផលនៃកិច្ចពិភាក្សា អង្គប្រជុំបានឯកភាពលើជំហានបន្ទាប់ដើម្បីធ្វើការរួមគ្នាដូចខាងក្រោម៖
១) SDF នឹងធ្វើការងារបន្តជាមួយភាគីពាក់ព័ន្ធទាំងវិស័យឯកជន និងស្ថាប័នស្រាវជ្រាវ ដើម្បីធ្វើឱ្យកម្មវិធីនេះអាចអនុវត្តបានក្នុងឆ្នាំនេះ។ SDF នឹងរៀបចំឯកសារពាក់ព័ន្ធ គោលការណ៍ និងលក្ខខណ្ឌតម្រូវនានាដើម្បីពិភាក្សា និងដាក់ឱ្យធ្វើតេស្តសាកល្បងជាមួយដៃគូនាចុងឆ្នាំនេះ។
២) សមាគមឧកញ៉ាកម្ពុជា, CPMEC និងភាគីពាក់ព័ន្ធចាប់ដៃគ្នា រៀបចំសិក្ខាសាលា និងកិច្ចប្រជុំពិភាក្សា និងផ្សព្វផ្សាយពីកម្មវិធីគាំទ្ររបស់ SDF ទៅកាន់សមាជិករបស់ខ្លួន ដើម្បីរៀបចំផែនការ និងកម្មវិធីអភិវឌ្ឍន៍អាជីវកម្មដោយផ្សារភ្ជាប់នឹងការអភិវឌ្ឍធនធានមនុស្ស។
៣) SDF នឹងសហការជាមួយស្ថាប័នស្រាវជ្រាវក្នុងស្រុក និងក្នុងតំបន់ដើម្បីពង្រឹង និងពង្រីកសមត្ថភាពធនធានមនុស្ស លើផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍បែបអនុវត្ត (Applied Research & Development) ដើម្បីផ្តល់ដំណោះស្រាយ អាជីវកម្មជាក់ស្តែង លើវិស័យកែច្នៃកសិផល, កសិកម្មទំនើប និងផលិតកម្មជាដើម។


.jpg)


