ប្រទេសចិន៖ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុង Qingdao ប្រទេសចិន ក្រុមហ៊ុនផលិតគ្រឿងអគ្គិសនីម៉ាក Haier រួមជាមួយក្រុមហ៊ុនសិង្ហបុរី ២ទៀត បានចុះ MOU ជាមួយក្រុមហ៊ុន SAM SN GROUP របស់អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ដើម្បីធ្វើការសិក្សាអំពីលទ្ធភាពដំឡើងរោងចក្របង្គំម៉ាក Haier និងសួនឧស្សាហកម្មបៃតងបែបបច្ចេកវិទ្យាទំនើបនៅកម្ពុជា។ បន្ថែមលើនេះ អ្នកឧកញ៉ាក៏ត្រូវបានអញ្ជើញទៅទស្សនកិច្ចវិទ្យាស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈមួយដែលមានចំណាត់ថ្នាក់ក្នុងចំណោម៥ កំពូលក្នុងប្រទេសចិន ហើយជាវិទ្យាស្ថានលំដាប់កំពូលនៅទីក្រុង Qingdao ដែលមានការសហការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន Haier និងតំណាងឱ្យការអប់រំបច្ចេកទេសប្រកបដោយប្រព័ន្ធស្តង់ដារឧស្សាហកម្មកម្រិតខ្ពស់។

វិទ្យាស្ថាននេះបានបង្ហាញពីការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការរួមសហការជាមួយ Haier ជាមួយ ក្រុមហ៊ុន SAM SN GROUP និងក្រុមហ៊ុនសិង្ហបុរី២ទៀត ដើម្បីបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកវិទ្យាទំនើបនៅកម្ពុជា។ កិច្ចសហការនេះនឹងជួយលើកកម្ពស់សមត្ថភាពយុវជនកម្ពុជា បង្កើតឱកាសការងារដែលមានគុណភាពខ្ពស់ និងចូលរួមយ៉ាងសំខាន់ក្នុងបង្កើនប្រាក់ចំណូលជូនប្រជាជនកម្ពុជា ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោយការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌ បង្កើនប្រសិទ្ធភាព និងរក្សាចីរភាព៕