ភ្នំពេញ៖ សូមចូលរួមអបអរសាទរ ឧកញ៉ា លឹម ជា សមាជិក នៃសមាគមឧកញ៉កម្ពុជា និងជាប្រធានក្រុមហ៊ុន TY Fashion (Cambodia) PLC. ក្នុងឱកាសទទួលបានពានរង្វាន់ «សហគ្រាសមួយសហគមន៍សុខសាន្តមួយ» ដែលប្រគល់ដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី ១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ “រួមគ្នាកសាងភាពធន់ ដើម្បីការងារសមរម្យ”។

សូមបញ្ជាក់ថា ការវាយតម្លៃជ្រើសរើសជ័យលាភី សហគ្រាសជាសហគមន៍សុខសាន្ត គឺធ្វើឡើងតាមគោលការណ៍កំណត់ និងប្រកបដោយតម្លាភាពដោយផ្អែកលើលក្ខខណ្ឌអនុលោមភាពទាំង៨ រួមមាន៖ អនុលោមភាពនៃលក្ខខណ្ឌការងារ, អនុលោមភាពនៃការប្រើប្រាស់កម្មករនិយោជិតវ័យក្មេង, អនុលោមភាពនៃទំនាក់ទំនងវិជ្ជាជីវៈ, អនុលោមភាពនៃលក្ខខណ្ឌស្តីពីសុវត្ថិភាពនិងសុខភាពការងារ, អនុលោមភាពនៃរបបសន្តិសុខសង្គម, អនុលោមភាពនៃការប្រើប្រាស់កម្មករនិយោជិតមានពិការភាព, អនុលោមភាពនៃការអនុវត្តកម្មវិធីលើកកម្ពស់ផលិតភាពការងារ, និងអនុលោមភាពនៃការអនុវត្តកម្មវិធីទទួលខុសត្រូវសង្គម។ចំពោះសហគ្រាស ក្រុមហ៊ុន រោងចក្រ ដែលជាប់ការវាយតម្លៃ នឹងទទួលបានពានរង្វាន់មាស ឬពានរង្វាន់ប្រាក់ ឬពានរង្វាន់សំរឹទ្ធ និងការលើកលែងការចុះធ្វើអធិការកិច្ចការងារសាមញ្ញទៅតាមកម្រិតពានរង្វាន់។

សម្រាប់ឆ្នាំទី២នេះមានសហគ្រាសចំនួន ៥៥ ដែលបានបំពេញយ៉ាងត្រឹមត្រូវតាមលក្ខណៈវិនិច្ឆ័យអនុលោមភាពទាំង ៨ ចំណុចនៃចលនាប្រឡងប្រណាំង។ ក្នុងនោះ រួមមានជ័យលាភីពានមាសចំនួន ២៧, ពានប្រាក់ចំនួន ១៨ និងពានសំរឹទ្ធចំនួន ១០ សហគ្រាស។ គួរជម្រាបផងដែរថា សម្រាប់ឆ្នាំទី ២ នៃចលនាប្រឡងប្រណាំងនេះ មានរោងចក្រ សហគ្រាស និងក្រុមហ៊ុនចូលរួមសរុបចំនួន ១៨២៕




.jpg)

