ភ្នំពេញ៖ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦កន្លងទៅថ្មីៗនេះ ឧកញ៉ា អាន ឌីណា សមាជិកសមាគមឧកញ៉ាកម្ពុជា និងជាតំណាងក្រុមហ៊ុន FSC.KH Co.,Ltd និងលោក Leandro Scalco តំណាងក្រុមហ៊ុន Modenese Gastone Interiors Srl នៃប្រទេសអុីតាលីបានចុះអនុស្សរណៈ នៃការយោគយល់គ្នារវាងក្រុមហ៊ុនទាំងពីរដោយបានប្រារព្ធឡើងនៅការិយាល័យកណ្តាលរបស់ក្រុមហ៊ុន FSC ស្ថិតលើបណ្តោយផ្លូវ២០០៤ ក្នុងរាជធានីភ្នំពេញ។
.jpg)
សូមបញ្ជាក់ថា ក្រុមហ៊ុន FSC.KH Co., Ltd ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ FSC Group នៃព្រះរាជាណាចក្រកម្ពុជា និងក្រុមហ៊ុន Modenese Gastone Interiors Srl បានបង្កើតក្របខណ្ឌកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រក្នុងវិស័យរចនាផ្ទៃខាងក្នុង និងគ្រឿងសង្ហារឹមបែបប្រណីតស្តង់ដារអន្តរជាតិ។

អនុស្សរណៈនេះមានគោលបំណងបង្កើតមូលដ្ឋានសហប្រតិបត្តិការរួម សម្រាប់ការអភិវឌ្ឍ និងផ្សព្វផ្សាយគម្រោងរចនាប្រណីត ដូចជាផ្ទះឯកជន វីឡា សណ្ឋាគារ អគារពាណិជ្ជកម្ម និងអគារសាធារណៈទាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងទីផ្សារអន្តរជាតិ។ កិច្ចសហការនេះ ផ្អែកលើការរួមបញ្ចូលជំនាញសិល្បៈរចនា និងបច្ចេកវិទ្យាផលិតគ្រឿងសង្ហារឹមប្រណីតតាមបែបអុីតាលីរបស់ Modenese Gastone Interiors Srl ជាមួយនឹងសមត្ថភាពអភិវឌ្ឍទីផ្សារ ការគ្រប់គ្រងគម្រោង និងបណ្តាញដៃគូអាជីវកម្មក្នុងស្រុករបស់ FSC ។

លោក Leandro Scalco តំណាងក្រុមហ៊ុន Modenese Gastone Interiors srl បានមានប្រសាស៍ថា ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះបង្ហាញពីចក្ខុវិស័យ និងការប្តេជ្ញាចិត្តរួមរបស់ភាគីទាំងពីរក្នុងការលើកកម្ពស់គុណភាព វិជ្ជាជីវៈ និងស្តង់ដារអន្តរជាតិក្នុងវិស័យសំណង់ និងរចនាផ្ទៃខាងក្នុងនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ រវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសអុីតាលីឱ្យកាន់តែរឹងមាំ មានប្រសិទ្ធភាព និងមានចីរភាព ៕





