ភ្នំពេញ៖ ឧកញ៉ាបណ្ឌិត លី រិទ្ធ សមាជិកក្រុមប្រឹក្សាភិបាល និងជាតំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានចូលរួមក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «បណ្ណជំនាញសម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធ» នាព្រឹកថ្ងៃចន្ទ ទី១៩ ខែមករា ឆ្នាំ២០២៦ ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅសណ្ឋាគារ សុខាភ្នំពេញ។

ថ្លែងក្នុងពិធីបើកដំណើរការកម្មវិធីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរ័ត្ន បានលើកឡើងថា ក្នុងបរិបទសង្គមសេដ្ឋកិច្ចបច្ចុប្បន្នវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធគឺជាសសរទ្រូងដ៏សំខាន់នៃសេដ្ឋកិច្ចជាតិដែលបានបង្កើតការងារជាង ៨៥% នៃការងារសរុបសម្រាប់ប្រជាពលរដ្ឋកម្ពុជាហើយកម្មវិធីថ្នាក់ជាតិថ្មីនេះនឹងជួយពង្រឹងសមត្ថភាព ចំណេះជំនាញ និងផលិតភាពរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដើម្បីមានភាពរីកចម្រើន ភាពធន់ និងរឹងមាំស្របតាមយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ ២០២៣-២០២៨។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ SDF និងដៃគូពាក់ព័ន្ធក្នុងការសហការជិតស្និទ្ធដើម្បីជំរុញគំនិតផ្តួចផ្តើមនេះឱ្យអនុវត្តបានជាក់ស្តែង។

សូមជម្រាបថា បណ្ណជំនាញ គឺជាកម្មវិធីថ្នាក់ជាតិថ្មី និងដំបូងគេបង្អស់ដើម្បីបង្កើនជំនាញ, ចំណូល និងឱកាសដល់សេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលត្រូវបានបង្កើតឡើងដោយមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) សហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ និងគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ដោយមានគោលបំណងសំខាន់ក្នុងការផ្តល់ឱកាសដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងបងប្អូនដែលត្រឡប់ពីក្រៅប្រទេសអាចចូលរួមវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស និងជំនាញទន់សំខាន់ៗដែលស្របតាមតម្រូវការទីផ្សារការងារដើម្បីពង្រឹងសមត្ថភាព និងបង្កើនការប្រកួតប្រជែងក្នុងវិស័យការងារ និងអាជីវកម្ម។

ចំពោះបណ្ណជំនាញមួយមានតម្លៃ ៦០០,០០០ រៀល ឬស្មើនឹង ១៥០ ដុល្លារអាម៉េរិកនឹងផ្តល់ជូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលបានចុះឈ្មោះក្នុងប្រព័ន្ធថ្នាលឌីជីថល Cam-IE ដើម្បីប្រើប្រាស់សម្រាប់ការចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលដែលត្រូវបានវាយតម្លៃ និងជ្រើសរើសរួចជាស្រេចពីមូលនិធិអភិវឌ្ឍន៍ជំនាញនិងធានាបាននូវភាពពាក់ព័ន្ធ គុណភាព និងតម្លៃនៃលុយ។

ដូច្នេះ បណ្ណជំនាញ មិនមែនគ្រាន់តែជាក្រដាសបណ្ណធម្មតា ប៉ុន្តែជាលិខិតឆ្លងដែនដ៏មានតម្លៃសម្រាប់បងប្អូនសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងបងប្អូនដែលត្រឡប់ពីក្រៅប្រទេសក្នុងការឈានទៅចាប់យកឱកាសថ្មី និងចំណូលបន្ថែមប្រកបដោយប្រសិទ្ធភាព និងចីរភាព។